728 x 90

សុបិនចម្លែក!!!

ជាទូទៅមនុស្សគ្រប់រូបតែងតែមានដំណាលរឿងយល់សប្តិខុសៗគ្នា ជួនកាលក៏គេងយល់សប្តិល្អទៅ ហើយពេលខ្លះទៀតក៏ជួបយល់សប្តិអាក្រក់ទៅ ។ ដោយឡែក មានបុរសម្នាក់ដែលមានដើមកំណើតរស់នៅលើទឹកដីខេត្តក្រចេះ បានប្រាប់ដល់ MoreLoad នូវដំណាលរឿងយល់សប្តិដ៏រន្ធត់លស់ព្រលឹងចុងសក់របស់ខ្លួនថា៖ មានយប់មួយ ម៉ោងប្រហែលជិតបួនទៀបភ្លឺ ខ្ញុំបានយល់សប្តិថាបានទៅដើរលេងជាមួយពូមីង និងបងប្អូន ។ ពេលដែលកំពុងតែអង្គុយលេងនៅមាត់ទន្លេខេត្តក្រចេះ ស្រាប់តែមេឃមានផ្គរ រន្ទះ យ៉ាងខ្លាំង ។ ខ្ញុំក៏ភ័យស្លន់ស្លោរ រកតែទាញទូរស័ព្ទមកបិទសេវាសឹងតែមិនទាន់ ។ ពេលនោះរន្ទះបានបាញ់ពីរទៅបីដង ចំផ្ទះដែលនៅចំពីមុខកន្លែងដែលពួកខ្ញុំអង្គុយលេង ធ្វើអោយពួកខ្ញុំនាំគ្នារត់ តែខ្ញុំឆ្ងល់ថាម៉េចក៏អត់មានអ្នកណាចាំខ្ញុំសោះអញ្ចឹង ។ ម្នាក់ៗនាំគ្នារត់ឡើងឡានចោលខ្ញុំអស់ ទុកអោយខ្ញុំរត់តាមពីក្រោយឡានរហូតទៅដល់ផ្ទះវិញតែម្នាក់ឯង (ផ្ទះចាស់ដែលមិនទាន់ធ្វើថ្មីដូចឥលូវនោះទេ) ។ មកដល់ផ្ទះ ខ្ញុំបានចូលទៅដល់ក្នុងបន្ទប់ហើយជួបប្រពន្ធរបស់ខ្ញុំ ។ ពេលដែលគាត់បានជួបខ្ញុំ ខ្ញុំមានអារម្មណ៍ថាគាត់រីករាយខុសពីធម្មតា ហើយនៅលើផែនថ្ពាល់របស់គាត់ពោរពេញដោយទឹកភ្នែករលីងរលោងថែមទៀតផង ។ ដោយមិនអស់ចិត្តខ្ញុំក៏បានសួរទៅគាត់ថា "ម៉េចបានជាអូនយំអញ្ចឹង?" គាត់ក៏បានហុចទូរស័ព្ទរបស់គាត់មកខ្ញុំ ហើយឲ្យខ្ញុំមើលសារដែលមិត្តភក្តិគាត់បានផ្ញើរមក ។ ក្នុងសារនោះចង់សង្កត់ន័យថា ខ្ញុំបានបាត់បង់ជីវិតក្នុងហេតុការណ៍រន្ទះបាញ់មុននេះបាត់ទៅហើយ ។ ពេលអានចប់ ខ្ញុំប្រាប់ប្រពន្ធថា "អត់ណាអូន បងបានរត់គេចចេញពីហេតុការណ៍ហ្នឹងផុតរួចខ្លួនតើ បងមានកើតអីណាអូន មើលមកបងមក អត់មានត្រូវអីផងហ្នឹង" ។ បន្ទាប់ពីហ្នឹងមក គាត់បានចេញទៅក្រៅបន្ទប់បាត់ទៅ (មិនដឹងថាទៅធ្វើអីនោះទេ) ។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅក្រៅបន្ទប់ ហើយបានជួបបងបង្កើត បងជីដូនមួយ និងមីង ស្រាប់តែពួកគាត់នាំគ្នាភ័យស្លន់ស្លោរហើយហាក់បីដូចជាខ្លាចខ្ញុំ ។ ស្រាប់តែពេលនោះ ខ្ញុំភ្ញាក់ខ្លួនព្រឺត ហើយព្យាយាមនិយាយទៅពួកគាត់ថា ខ្ញុំអត់មានកើតអីណា តែក្នុងចិត្តក៏មិនដាច់ស្រលះរឿងគេភ្ញាក់ផ្អើលលើខ្លួនដែរ​។ ភ្លាមៗនោះ​​ ខ្ញុំក៏បានសាកក្ដិចសាច់ខ្លួនឯង ព្រោះកាលនៅក្មេងធ្លាប់លឺចាស់ៗដំណាលថា បើចង់ដឹងថាខ្លួនឯងស្លាប់ឬនៅនោះ សាកក្ដិចសាច់ខ្លួនឯងទៅ បើសិនជាក្ដិចទៅឈឺ នោះបានន័យថាយើងមិនទាន់ស្លាប់ទេ ។ ស្រាប់តែខ្ញុំក្ដិចខ្លួនឯងមិនឈឺសោះ ខ្ញុំក៏ប្ដូរទឹកមុខទៅជាក្រៀមក្រំ និងអស់សង្ឃឹមជាខ្លាំង ហើយដើរចូលបន្ទប់វិញដោយអាណិតខ្លួនឯងមិនគួរណាឆាប់ស្លាប់ទាំងនៅវ័យក្មេងបែបនេះសោះ ។ ក្រោយមក ម៉ាក់ក៏បាននាំលោកតាចូលមកក្នុងបន្ទប់ដើម្បីនិយាយជាមួយខ្ញុំដែរ ។ ខ្ញុំបាននិយាយទៅកាន់គាត់ តែគាត់សួរថាអ្នកណាគេ ហើយខ្ញុំបានហុចដៃអោយគាត់ប៉ះ តែគាត់ប៉ះមិនបាន ប៉ះខុសៗ ។ ខ្ញុំក៏បានប្រាប់គាត់ដោយលាយឡំជាមួយទឹកភ្នែកថា តាខ្ញុំស្លាប់ហើយ (ហ្អឺះ ហ្អឹះ....) ។​ ពេលនោះហើយ ហើយក៏ជាលើកទី១ ដែលខ្ញុំបានឃើញលោកតារបស់ខ្ញុំសម្រក់ទឹកភ្នែកជាលើកដំបូង ។ បន្ទាប់ពីនោះមកទៀត ខ្ញុំក៏បានជួបអ្នកទាំងអស់គ្នា ជាពិសេសនិយាយលាប្រពន្ធរបស់ខ្ញុំ (បន្ទាប់ពីគាត់ដឹងច្បាស់ថាខ្ញុំពិតជាស្លាប់ពិតមែន) ដោយក្រសែភ្នែកអាឡោះអាល័យ និងទឹកភ្នែករលើបរលោងពេញផែនថ្ពាល់របស់គាត់ ។ គាត់ក៏បាននិយាយពាក្យពេចន៍ខ្លះៗជូនដំណើរដល់ខ្ញុំ ។ ពេលនោះខ្ញុំមានអារម្មណ៍ថាសោកសង្រេងណាស់ ប្រៀបបានខ្លួនឯងនឹងទៅនៅទីដ៏សែនឆ្ងាយតែម្នាក់ឯង គ្មានមនុស្សណាឯទៀតរស់នៅ ។ បុណ្យ៧ថ្ងៃមកដល់ អ្វីដែលខ្ញុំឃើញហើយស្រណោះនិងមិនដាច់អាល័យបំផុតនោះគឺ ខ្ញុំបានឃើញលោកតារបស់ខ្ញុំបានអោយគេបំបួសគាត់បណ្ដើរ យំរៀបរាប់អាណិតចៅនៅមុខភ្លើងបណ្ដើរ ។ ពេលនោះដួងព្រលឹងចាប់ពីក្បាលដល់ចុងជើងរបស់ខ្ញុំក៏ចាប់ប្រែពណ៍ទៅជាខ្មៅដុំៗ ។ ហើយទឹកភ្នែករបស់ខ្ញុំគិតតែពីស្រក់មិនឈប់ពេលដែលបានលឺពាក្យទួញសោកបោកខ្លួនរបស់លោកតាអាណិតចៅបែបនេះ ។ ហើយខ្ញុំនៅតែមិនអស់ចិត្តថាហេតុអីក៏ខ្លួនឆាប់ស្លាប់អីយ៉ាងនេះ ។ តើមានជាតិមុខឬអត់? បើមានមែន សូមអោយខ្ញុំបានធ្វើជាបងប្អូនកូនចៅនឹងពួកគាត់បន្តទៅទៀតនៅជាតិក្រោយ ។ ស្រាប់តែប៉ុណ្ណឹង ខ្ញុំក៏ភ្ញាក់ពីការយល់សប្តិព្រមជាមួយនឹងទឹកភ្នែកឡើងជោគលើថ្ពាល់ដូចក្នុងយល់សប្តិអញ្ចឹង ។ ពេលនោះ ខ្ញុំក៏បានភាវនានឹកដល់លោកតា (ព្រោះកាលលោកតានៅមានព្រះជន្ម គាត់ស្រលាញ់ខ្ញុំជាងគេ ហើយសូម្បីតែក្នុងយល់សប្តិក៏ខ្ញុំឧស្សាហ៍ឃើញគាត់មកអង្គុយជិតៗក្បែរក្បាលដំណេកខ្ញុំដែរ បើទោះបីខ្ញុំទៅដល់ទីណាក៏ដោយ) ។ នេះគឺជាការយល់សប្តិមួយប្រភេទដំបូងបង្អស់ ដែលខ្ញុំពុំធ្លាប់បានជួបក្នុងឆាកជីវិតនៃអាយុជាងម្ភៃឆ្នាំរបស់ខ្ញុំ ។ វាជាការយល់សប្ដិ ប៉ុន្តែអ្វីដែលកើតឡើង ហាក់បីដូចជាបានជួបផ្ទាល់ពិតមែនអញ្ចឹង ។ ខ្ញុំលស់ព្រលឹងអស់ហើយ ។ ហើយក្រោយមកក៏មានអារម្មណ៍ត្រេកអរមកវិញព្រោះដឹងថាគ្រាន់តែជាយល់សប្តិ ។ ក្រោយពីឆ្លងកាត់យល់សប្តិមួយនេះ ធ្វើអោយខ្ញុំដឹងកាន់តែច្បាស់ថាជីវិតកាន់តែមានតម្លៃខ្លាំងណាស់ (មិនមែនមិនធ្លាប់ដឹងនោះទេ គ្រាន់តែមិនជ្រួតជ្រាបដល់ថ្នាក់នេះ) ៕


ចាប់អារម្មណ៍

ចាប់អារម្មណ៍ច្រើនទៀត...